សាររបស់អគ្គនាយក
អឹម អេហ្វ ចេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញsវត្ថុ ដែលត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនជនជាតិជប៉ុន។ គណៈគ្រប់គ្រងរបស់យើងបាននឹងកំពុងរិះរកមធ្យោបាយ រួមទាំងលទ្ធភាពនានា ដើម្បីឲ្យអតិថិជនទាំងអស់ ទទួលបានផលប្រយោជន៍កាន់តែច្រើនពីផលិតផលឥណទានរបស់យើង។ ស្របតាមទស្សនៈវិស័យរបស់ខ្លួន អឹម អេហ្វ ចេ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្នុងរយៈពេល ០៤ ឆ្នាំកន្លងទៅនេះ យើងពិតជា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទានស្របតាមតម្រូវការរបស់អតិថិជន។ ឥណទានរបស់យើងបានរួម ចំណែកដល់ការបង្កើតការងារ ទាំងផ្នែកសេវាកម្ម សំណង់ ឧស្សាហកម្ម និង ពាណិជ្ជកម្ម។ អឹម អេហ្វ ចេ មានបំណងក្លាយទៅជាគ្រឹះស្ថានឈានមុខមួយ និងអាចមានលទ្ធភាពយ៉ាងពេញលេញក្នុងការឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ ក្នុងពេលដំណើរការប្រតិបត្តិការអាជីវកម្ម អឹម អេហ្វ ចេ បានធ្វើប្រតិបត្តិការពាណិជ្ជកម្មដោយប្រកាន់ខ្ជាប់នូវ គោលការណ៍សុចរិតភាព តម្លាភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ហើយ តែងតែប្រតិបត្តិតាមច្បាប់ រួមទាំងលិខិតបទដ្ឋាន គតិយុត្តដែលបានដាក់ចេញដោយនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជា (NBC)។ លើសពីនេះទៅទៀត អឹម អេហ្វ ចេ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល តាមរយៈការជម្រុញ និងលើទឹកចិត្តអតិថិជន អោយយល់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ឥណទានជាប្រាក់រៀល ។
អឹម អេហ្វ ចេ គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលមិនរើសអើងប្រឆាំង ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត និងឋានៈសង្គម។ យើងប្តេជ្ញាក្នុងការការពារតម្លៃរបស់អតិថិជន ភាគទុនិក និងបុគ្គលិកទាំងអស់។ យើងក៏ យកចិត្តទុកដាក់ក្នុងការពិចារណាពីតម្រូវការ និងផលប្រយោជន៍របស់ដៃគូរពាណិជ្ជកម្មរបស់យើងផងដែរ។ យើងជឿជាក់ថា មានតែការអនុវត្តតាមរបៀបមួយដែលមានទំនួលខុសត្រូវ និងការជួយគ្នាទៅ វិញទៅមកប៉ុណ្ណោះដើម្បីឲ្យការធ្វើអាជីវកម្មទទួលបានជោគជ័យរយៈពេលវែង។ បន្ទាប់ពីទទួលបានការជឿទុកចិត្តកាន់តែច្រើនឡើងពីសំណាក់អតិថិជនបានធ្វើឲ្យ អឹម អេហ្វ ចេ កាន់តែមានលទ្ធភាពខ្ពស់ក្នុងការចាប់យកនូវចំណែកទីផ្សារហិរញ្ញវត្ថុ ព្រមទាំងពង្រីកទំហំប្រតិបត្តិការកាន់តែមានលក្ខណៈទំលំទូលាយដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។ ទន្ទឹមគ្នានេះដែរ អឹម អេហ្វ ចេ បានធ្វើការសិក្សា រួចជាស្រេច និងកំពុងឈោងចាប់នូវឱកាសអាជីវកម្មផ្នែកហិរញ្ញវត្ថុផ្សេងទៀត។
លទ្ធផលសម្រេចបានកន្លងទៅនេះយើងនឹងមិនអាចទទួលបានដោយគ្មានការជួយគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងអាណាព្យាបាល ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រួមទាំងបុគ្គលិកទាំងអស់របស់យើងនោះឡើយ។
ជាទីបញ្ចប់យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារជាតិនៃកម្ពុជា (NBC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ នូវបរិយាកាស ដែលមានលក្ខណៈអំណោយផលនិងការផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីភាពរីកចម្រើនរបស់គ្រឹះស្ថាន។ ទន្ទឹមគ្នានេះ យើងក៏សូមថ្លែងអំណរគុណផងដែរដល់ភាគទុនិកចំពោះការជឿទុកចិត្ត និង ការផ្តល់នូវមូលនិធិដល់ អឹម អេហ្វ ចេ សម្រាប់រយៈពេលកន្លងទៅនេះក៏ដូចជាទៅថ្ងៃអនាគត។ យើងក៏សូមថ្លែងអំណរគុណផងដែរដល់បុគ្គលិកគ្រប់កម្រិត និងដៃគូអាជីវកម្មទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងភក្តីភាពជាមួយគ្រឹះស្ថាននៅគ្រប់ស្ថានភាព។
សូមអរគុណ!